សិក្ខាសាលាផ្សព្វផ្សាយកាតព្វកិច្ចគណនេយ្យ និងសវនកម្ម សម្រាប់សហគ្រាស ថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០១៨

កាលបរិច្ឆេទ៖ 9-04-2018 03:04 AM

កាលពីព្រឹក ថ្ងៃចន្ទ  ០៩ រោច  ខែចេត្រ  ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០១៨               ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយកាតព្វកិច្ចគណនេយ្យនិងសវនកម្មសម្រាប់សហគ្រាស ដែលមានការចូលរួមពី ក្រុមហ៊ុន/សហគ្រាសជាអ្នកជាប់ពន្ធធំប្រមាណ៣០០ នាក់ នៅសណ្ឋាគារភ្នំពេញ។

          ឯកឧត្តម ងី តាយី បានមានប្រសាសន៍ដោយគូសបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានក្រុមប្រឹក្សាជាតិគណនេយ្យ ជាសេនាធិការ រៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណងផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងអំពីច្បាប់      និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងគណ​នេយ្យ​និងសវនកម្មនៅកម្ពុជា ដល់ក្រុមហ៊ុន និងសហគ្រាស ដើម្បីស្វែងយល់អំពីសារៈប្រយោជន៍ និងកាតព្វកិច្ចនានា ដែលត្រូវអនុវត្ត ក្នុងនោះរួមមាន កាតព្វកិច្ចកាន់បញ្ជីគណនេយ្យ កាតព្វកិច្ចរៀបចំរបាយការណ៍ហិរញ្ញវត្ថុតាមស្តង់ដាគណនេយ្យ  កាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ ជាដើម។ សហគ្រាសដែលបានអនុវត្តកាតព្វកិច្ចទាំងនេះបានត្រឹមត្រូវ សហគ្រាសនឹងទទួល​បានសារៈប្រយោជន៍យ៉ាងច្រើន រួមមាន តម្លាភាពនៃការគ្រប់គ្រងធនធានហិរញ្ញវត្ថុ ភាពងាយស្រួលក្នុងការទទួលបានឥណទានពី​ធនាគារឬស្ថាប័នហិរញ្ញវត្ថុ ការស្វែងរកដៃគូវិនិយោគក្នុងស្រុក និងពីបរទេស,ការជៀសផុតពីការពិន័យពីស្ថាប័នមានសមត្ថកិច្ច។

 

ឯកឧត្តមបានបន្តទៀតថា ច្បាប់ស្តីពី “គណនេយ្យ និងសវនកម្ម” មានចំណុចជាឧត្តមប្រយោជន៍ និងគុណសម្បត្តិជាច្រើន ដូចជា ១)-បង្កើនតម្លាភាព និងសុក្រឹតភាពនៃឯកសារគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាស ដែលអាចបង្កើននូវជំនឿទុកចិត្តរបស់សាធារណជនលើសហគ្រាស ក៏ដូចជា​ទំនុកចិត្តរបស់វិនិយោគិនក្នុងស្រុកនិងបរទេស; ២)-ជំរុញគណនេយ្យភាពនិងអភិបាលកិច្ចល្អនៃសហគ្រាស; ៣)-បង្កើនគុណភាពនិងសមត្ថភាពធនធានមនុស្ស ជាគណនេយ្យករ និងសវនករ និងលើក​កម្ពស់វិជ្ជាជីវៈគណនេយ្យ និងសវនកម្ម; ៤)-ជំរុញបន្ថែមនិងទ្រទ្រង់ និរន្តរភាពនៃទីផ្សារមូលធន ព្រមទាំងបង្ក​លក្ខណៈឲ្យសហគ្រាសធុនតូច និងមធ្យមមានលទ្ធភាពចូលរួមក្នុងទីផ្សារមូលធន; ៥)- ជួយទ្រទ្រង់នូវលទ្ធភាព​នៃ​ការទទួលបាននូវឥណទាន និង ៦)-លើកកម្ពស់​ប្រសិទ្ធភាពនៃការប្រមូលពន្ធជូនរដ្ឋ ៧)-បង្កើតការងារជូនប្រជាពលរដ្ឋ, ៨) ជាមូលដ្ឋានព៌តមានហិរញ្ញវត្ថុតែមួយគត់ក្នុងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដើម្បីប្រកាសពន្ធដារ។

          ឯកឧត្តម បានស្នើដល់អង្គសិក្ខាសាលាទាំងមូលឲ្យមានការយកចិត្តទុកដាក់ស្តាប់ការធ្វើបទបង្ហាញរបស់វាគ្មិនតាមប្រធានបទនីមួយៗ​ និងសូមលើកជាសំណួរ មតិ យោបល់ដែលពាក់ព័ន្ធផ្សេងៗ ជូនវាគ្មិនដើម្បីធ្វើ ការបកស្រាយឲ្យច្បាស់លាស់ចៀសវាងការអនុវត្តខុសដែលនាំដល់ការពិន័យ និងទណ្ឌកម្មផ្សេងៗទៀត។

          ជាចុងបញ្ចប់ ឯកឧត្តម ងី តាយី បានថ្លែងអំណរគុណដល់ឯកឧត្តម លោក លោកស្រី អ្នកនាង កញ្ញា ទាំងអស់ដែលបានចូលរួមក្នុងន័យចូលរួមចំណែកពង្រឹង និងពង្រឹកវិស័យគណនេយ្យ និងសវនកម្ម នៅកម្ពុជា ឲ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។ ឯកឧត្តម ងី តាយី ក៏បានជូនពរឲ្យសិក្ខាសាលានេះ ទទួលបានជោគជ័យដូចការគ្រោងទុក និងជូនពរដល់សិក្ខាកាមទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃជាតិ សូមទទួលបានជោគជ័យ ប្រកបដោយសិរីសួស្តី និងសុភមង្គលគ្រប់ក្រុមគ្រួសារ។