ពិធីដាក់ឱ្យដំណើរការជាផ្លូវការកម្ម​​​​វិធី​សិក្សា​​គណនេយ្យករជំនាញកម្ពុជា

កាលបរិច្ឆេទ៖ 10-02-2021 03:03 AM

ពិធីដាក់ឱ្យដំណើរការជាផ្លូវការកម្ម​​​​វិធី​សិក្សា​​គណនេយ្យករជំនាញកម្ពុជា

ថ្ងៃពុធ ១៣ រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០​ ខែកុម្ភៈ ឆ្នាំ២០២១

នៅសណ្ឋាគារភ្នំពេញ

នៅព្រឹកថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ កម្ម​​​​វិធី​សិក្សា​​គណនេយ្យករជំនាញកម្ពុជា” ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ងី តាយី រដ្ឋលេខា​ធិការ​​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា​ប្រធាន​ក្រុមប្រឹក្សាជាតិគណនេយ្យ​ និង​ជាប្រធានគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា (គ....) ដោយមានការចូលរួម ពីសមាជិក សមាជិកា ​គណៈកម្មាធិការ​គ្រប់គ្រងកម្មវិធីសិក្សា​គណ​នេយ្យករ​ជំនាញកម្ពុជា (គ.ក.គ.ក) អនុគណៈ- កម្មាធិការគ្រប់គ្រងការប្រឡង និង​អនុគណៈ​កម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំនិងបណ្តុះបណ្តាល ព្រមទាំង តំណាងក្រសួងស្ថាប័ន វិស័យឯកជន គ្រឹះស្ថានសិក្សា ស្ថាប័នស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍នានា ដែលមានចំនួនប្រមាណ ១៩០ នាក់  នៅសណ្ឋាគារភ្នំពេញ។

នៅក្នុងឱកាសនោះ ឯកឧត្ដម ងី តាយី បានលើកឡើងអំពីគោលបំណងនៃការបង្កើត “កម្ម​​​​វិធី​សិក្សា​​គណនេយ្យករជំនាញកម្ពុជា” គឺអភិវឌ្ឍន៍ធនធានមនុស្សជាអ្នកវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម ឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច និងការតម្រូវរបស់ច្បាប់គណនេយ្យនិងសវនកម្ម ក្នុងក្របខ័ណ្ឌនៃការអនុវត្តកាតព្វកិច្ចគណនេយ្យនិងសវនកម្ម។  កម្មវិធីនេះក៏រួមចំណែកផងដែរក្នុងការគាំទ្រនូវយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិ- បាលកម្ពុជា ដែលបានរំលេចនូវទិសដៅចម្បង ៤ គី កំណើន ការងារ សមធម៌​ និងប្រសិទ្ធភាព ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព រួមទាំងកិច្ចអភិវឌ្ឍន៍ សង្គមកិច្ចមួយដ៏រឹងមាំ និងជានិរន្តន៍ ដែលធានាកម្រិតជីវភាព និងសុខដុមភាពរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើងជាលំដាប់។

ឯកឧត្ដម ងី តាយី ក៏បានលើកឡើងផងដែរអំពីដំណើរការនៃការរៀបចំ “កម្ម​​​​វិធី​សិក្សា​​គណនេយ្យករជំនាញកម្ពុជា” ដោយសង្កត់ធ្ងន់លើស្ថាប័នដែលចូលរួមដោយផ្ទាល់ រួមមាន ក្រុមប្រឹក្សាជាតិគណនេយ្យ និងវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា និងត្រូវបានត្រួតពិនិត្យនិងផ្តល់ការគាំទ្រដោយ សមាគមគណនេយ្យករជំនាញជាន់ខ្ពស់ (ACCA) និងវិទ្យាស្ថានគណនេយ្យករជាន់ខ្ពស់ចក្រភពអង់គ្លេស និងវែល(ICAEW)។ “កម្ម​​​​វិធី​សិក្សា​​គណនេយ្យករជំនាញកម្ពុជា” ត្រូវបានវាយតម្លៃថា បានអនុលោមតាមការតម្រូវរបស់ស្តង់ដាអប់រំអន្តរជាតិ សម្រាប់គណនេយ្យករ (IES)របស់សហព័ន្ធគណនេយ្យករអន្តរជាតិ (IFAC) ព្រមទាំងត្រូវបានទទួលស្គាល់ក្នុងក្របខណ្ឌអាស៊ាន (ASEAN MRA) ។

នាឱកាសបិទសិក្ខាសាលា ឯកឧត្តម ប៊ូ ថារិន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគណនេយ្យ បានស្នើសុំឲ្យអ្នកពាក់ព័ន្ធទាំងអស់ រួមទាំង អ្នកសិក្សា ត្រូវរួមគ្នាគាំទ្រកម្មវិធីមួយនេះឲ្យមានភាពជោគជ័យនិងមាននិរន្តរភាព ក្នុងក្របខណ្ឌនៃការធានាបាននូវគុណភាពនិងក្រមសីលធម៌វិជ្ជាជីវៈ។