សិក្ខាសាលាអន្តរជាតិស្តីពី “បច្ចុប្បន្នភាពនៃស្តង់ដារបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា”

កាលបរិច្ឆេទ៖ 3-06-2019 04:54 AM

នៅថ្ងៃសុក្រ ៦រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤​​ ខែឧសភា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិ គណនេយ្យ ក្រោមកិច្ចសហប្រតិបត្តិការជាមួយវិ​ទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា និង CPA អូស្រ្តាលី បានរៀបចំ នូវសិក្ខាសាលាអន្តរជាតិស្តីពី បច្ចុប្បន្នភាពនៃស្តង់ដារបាយការណ៍ហិរញ្ញវត្ថុ អន្តរជាតិនៃកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគណនេយ្យ ដែលមានការ អញ្ជើញចូលរួមពីសំណាក់សិក្ខាកាមប្រមាណចំនួន ១៥០ នាក់ ដែល មានដូចជា៖ បញ្ញត្តិករ, សមាជិករបស់ CPA អូស្ត្រាលី, ថ្នាក់ ដឹកនាំពីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំង ក្នុង ស្រុក និងបរទេស ក៏ដូចជាគណនេយ្យករជំនាញ និងសវនករផងដែរ។

ឯកឧត្តម ប៊ូ​ ថារិន បានលើកឡើងថាស្តង់ដា IFRS ត្រូវបានមើលថា មានសារៈសំខាន់ខ្លាំង ពីព្រោះវាជា ប្រភពនៃព័ត៌មានហិរញ្ញវត្ថុដែលអាចប្រៀបធៀបគ្នាជាសាកលហើយក៏បានផ្តល់នូវគុណប្រយោជន៍ដល់ និយ័តករ កំណត់ស្តង់ដា គណនេយ្យនៅជុំវិញពិភពលោកផងដែរ។ ស្តង់ដា IFRS បានចូលរួមចំណែកចំពោះប្រសិទ្ធ សេដ្ឋកិច្ចដោយជួយ ឱ្យអ្នក វិនិយោគិន អាចកំណត់បាននូវកាលានុវត្តភាព និងហានិភ័យនៅលើសាកលលោក ព្រមទាំងអាចកំណត់ពីការបែងចែកមូលធនផង​។ស្តង់ដាគណនេយ្យដែលមានគុណភាពខ្ពស់ នឹងចូលរួមចំណែក ក្នុងការធានាបាននូវតម្លាភាព ភាពជឿទុកបាន សង្គតិភាព​ និងភាពអាចបៀបធៀបបាននៃ របាយការណ៍ ហិរញ្ញវត្ថុ។

 ឯកឧត្តម ក៏បានគូសបញ្ជាក់ថា សិក្ខាសាលាថ្ងៃនេះនឹងផ្តល់ឱកាសឱ្យយើងបានចែករំលែកនូវស្តង់ដា គណនេយ្យ អន្តរជាតិ IAS 12: ពន្ធលើប្រាក់ចំណូល និង ស្តង់ដាគណនេយ្យអន្តរជាតិ IAS 19: អត្ថប្រយោជន៍ និយោជិក គឺជាប្រធានបទបច្ចេកទេសក្នុងសិក្ខាសាលារបស់យើងនាព្រឹកនេះ។ ខ្ញុំយល់ថា គណនេយ្យកររបស់ ក្រុមហ៊ុន/សហគ្រាស មិនច្រើនទេដែលបានដឹង ,យល់, និងអនុវត្ត ស្តង់ដាទាំងពីរខាងលើនេះ ជាពិសេស ស្តង់ដាគណនេយ្យអន្តរជាតិ IAS 12 ពន្ធលើប្រាក់ចំណូល។ គណនេយ្យកររបស់ក្រុមហ៊ុនភាគច្រើនមានការ យល់ដឹង និងអនុវត្តពន្ធលើប្រាក់ចំណូល តាមច្បាប់សារពើពន្ធតែប៉ុណ្ណោះ។

ជាកិច្ចបញ្ចប់ ជំនួសមុខឱ្យ ឯកឧត្តម ងី ​តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សា ជាតិគណនេយ្យ ឯកឧត្តម ប៊ូ​ ថារិន បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ CPA អូស្ត្រាលី, ថ្នាក់ដឹកនាំ និង មន្ត្រីបុគ្គលិករបស់ក្រុមប្រឹក្សាជាតិគណនេយ្យ និងវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា ក៏ដូចជា ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលបានចំណាយពេលវេលា ដ៏មានតម្លៃអញ្ជើញចូលរួមក្នុងសិក្ខាសាលាអន្តរជាតិដ៏មានសារៈសំខាន់ មួយនេះ ហើយ ឯកឧត្តម ក៏បានជូនពរឱ្យ សិក្ខាសាលាទទួលបានជោគជ័យប្រកបដោយផ្លែផ្កា តាមការរំពឹងទុក។

Press release NAC, KICPAA, CPA Australia 24.05.19 (Khmer)

Press_Release_NAC,_KICPAA,_CPA_Australia