សិក្ខាសាលាផ្សព្វផ្សាយស្តីពី “កាតព្វកិច្ចគណនេយ្យ និងសវនកម្ម” និង “បច្ចុប្បន្នភាព នៃច្បាប់សារពើពន្ធ” សម្រាប់សហគ្រាសអ្នកជាប់ពន្ធ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩

កាលបរិច្ឆេទ៖ 27-06-2019 08:52 PM

នៅព្រឹក ថ្ងៃព្រហស្បតិ៍  ១០រោច  ខែជេស្ឋ  ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ​                 ឯកឧត្តម ងី តាយី   រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កាតព្វកិច្ចគណនេយ្យ និងសវនកម្ម” និង “បច្ចុប្បន្នភាព នៃច្បាប់សារពើពន្ធ” សម្រាប់សហគ្រាសអ្នកជាប់ពន្ធ ដែលមានការចូលរួមពីសហគ្រាសអ្នកជាប់ពន្ធធំប្រមាណជាង ៣០០ នាក់ នៅសណ្ឋាគារភ្នំពេញ។

           ឯកឧត្តម ងី តាយី បានមានប្រសាសន៍គូសបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានក្រុមប្រឹក្សាជាតិគណនេយ្យ ជាសេនាធិការបានសហការជាមួយអគ្គនាយកដ្ឋានពន្ធដាររៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងគណ​នេយ្យ និងសវនកម្មនៅកម្ពុជា ដល់សហគ្រាស ដើម្បីស្វែងយល់អំពីសារៈប្រយោជន៍ និងកាតព្វកិច្ចនានាដែលសហគ្រាសត្រូវអនុវត្ត ក្នុងនោះរួមមាន កាតព្វកិច្ចកាន់បញ្ជីគណនេយ្យ, កាតព្វកិច្ចរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងកាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្ម ជាដើម។ សហគ្រាសដែលបានអនុវត្តកាតព្វកិច្ចទាំងនេះបានត្រឹមត្រូវ នឹងទទួល​បានសារៈប្រយោជន៍យ៉ាងច្រើនដូចជា តម្លាភាពនៃការគ្រប់គ្រងធនធានហិរញ្ញវត្ថុ, ភាពងាយស្រួលក្នុងការទទួលបានឥណទានពី​ធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ, ការស្វែងរកដៃគូវិនិយោគពីបរទេស, និងការជៀសផុតពីការពិន័យពីស្ថាប័នមានសមត្ថកិច្ច ជាដើម។

ឯកឧត្តមបានបន្តទៀតថា ច្បាប់ស្តីពី “គណនេយ្យ និងសវនកម្ម” មានចំណុចជាឧត្តមប្រយោជន៍ និងគុណសម្បត្តិជាច្រើនដូចជា ១)- បង្កើនតម្លាភាព និងសុក្រឹតភាពនៃឯកសារគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាស ដែលអាចបង្កើននូវជំនឿទុកចិត្តរបស់សាធារណជនលើសហគ្រាស ក៏ដូចជា​ទំនុកចិត្តរបស់វិនិយោគិនក្នុងស្រុក និងបរទេស; ២)- ជំរុញគណនេយ្យភាព និងអភិបាលកិច្ចល្អនៃសហគ្រាស; ៣)- បង្កើនគុណភាព និងសមត្ថភាពធនធានមនុស្ស ជាគណនេយ្យករ និងសវនករ និងលើក​កម្ពស់វិជ្ជាជីវៈគណនេយ្យ និងសវនកម្ម; ៤)- ជំរុញបន្ថែម និងទ្រទ្រង់និរន្តរភាពនៃទីផ្សារមូលធន ព្រមទាំងបង្ក​លក្ខណៈឱ្យសហគ្រាសធុនតូច និងមធ្យមមានលទ្ធភាពចូលរួមក្នុងទីផ្សារមូលធន; ៥)- ជួយទ្រទ្រង់នូវលទ្ធភាព​ក្នុង​ការទទួលបានឥណទាន និង ៦)-លើកកម្ពស់​ប្រសិទ្ធភាពនៃការប្រមូលពន្ធជូនរដ្ឋ ៧)- បង្កើតការងារជូនប្រជាពលរដ្ឋ, ៨)- ជាមូលដ្ឋានព័ត៌មានហិរញ្ញវត្ថុតែមួយគត់ក្នុងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដើម្បីប្រកាសពន្ធ។

           ឯកឧត្តមបានស្នើដល់អង្គសិក្ខាសាលាទាំងមូល ឱ្យមានការយកចិត្តទុកដាក់ស្តាប់ការធ្វើបទបង្ហាញរបស់វាគ្មិនទៅតាមប្រធានបទនីមួយៗ​ និងសូមលើកជាសំណួរ ឬមតិយោបល់ពាក់ព័ន្ធផ្សេងៗជូនវាគ្មិន ដើម្បីធ្វើការបកស្រាយឱ្យបានច្បាស់លាស់ជៀសវាងការអនុវត្តខុស ដែលនាំឱ្យមានការពិន័យ និងការដាក់ទណ្ឌកម្មផ្សេងៗ។

           ជាចុងបញ្ចប់ ឯកឧត្តម ងី តាយី បានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលានេះ  សូមទទួលបានជោគ​ជ័យ​​​គ្រប់ៗគ្នា។