សិក្ខាសាលាផ្សព្វផ្សាយស្តីពី “កាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងបច្ចុប្បន្នភាពនៃច្បាប់សារពើពន្ធ” សម្រាប់សហគ្រាសអ្នកជាប់ពន្ធ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប

កាលបរិច្ឆេទ៖ 25-07-2019 07:22 AM

         នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច  ខែអាសាឍ  ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥  ខែកក្កដា​ ឆ្នាំ២០១៩  ឯកឧត្តម ប៊ូ ថារិន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគណនេយ្យ តំណាងដ៏ខ្ពង់ខ្ពស់  ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កាតព្វកិច្ចគណនេយ្យ និងសវនកម្ម” និង “បច្ចុប្បន្នភាព នៃច្បាប់សារពើពន្ធ” សម្រាប់សហគ្រាសអ្នកជាប់ពន្ធ ដែលមានការចូលរួមពីសហគ្រាសអ្នកជាប់ពន្ធចំនួនប្រមាណ ៣៨៩ នាក់ នៅសណ្ឋាគារអង្គប៉ារ៉ាឌី​ខេត្តសៀមរាប។


         ឯកឧត្តម
ប៊ូ ថារិន បានមានប្រសាសន៍គូសបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានក្រុមប្រឹក្សាជាតិគណនេយ្យ ជាសេនាធិការបានសហការជាមួយអគ្គនាយកដ្ឋានពន្ធដាររៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងគណ​នេយ្យ និងសវនកម្មនៅកម្ពុជា ដល់សហគ្រាស ដើម្បីស្វែងយល់អំពីសារៈប្រយោជន៍ និងកាតព្វកិច្ចនានាដែលសហគ្រាសត្រូវអនុវត្ត ក្នុងនោះរួមមាន កាតព្វកិច្ចកាន់បញ្ជីគណនេយ្យ, កាតព្វកិច្ចរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងកាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្ម ជាដើម។ សហគ្រាសដែលបានអនុវត្តកាតព្វកិច្ចទាំងនេះបានត្រឹមត្រូវ នឹងទទួល​បានសារៈប្រយោជន៍យ៉ាងច្រើនដូចជា តម្លាភាពនៃការគ្រប់គ្រងធនធានហិរញ្ញវត្ថុ, ភាពងាយស្រួលក្នុងការទទួលបានឥណទានពី​ធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ, ការស្វែងរកដៃគូវិនិយោគពីបរទេស, និងការជៀសផុតពីការពិន័យពីស្ថាប័នមានសមត្ថកិច្ច ជាដើម។

          ឯកឧត្តមបានបន្តទៀតថា ច្បាប់ស្តីពី “គណនេយ្យ និងសវនកម្ម” មានចំណុចជាឧត្តមប្រយោជន៍ និងគុណសម្បត្តិជាច្រើនដូចជា ១)- បង្កើនតម្លាភាព និងសុក្រឹតភាពនៃឯកសារគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាស ដែលអាចបង្កើននូវជំនឿទុកចិត្តរបស់សាធារណជនលើសហគ្រាស ក៏ដូចជា​ទំនុកចិត្តរបស់វិនិយោគិនក្នុងស្រុក និងបរទេស; ២)- ជំរុញគណនេយ្យភាព និងអភិបាលកិច្ចល្អនៃសហគ្រាស; ៣)- បង្កើនគុណភាព និងសមត្ថភាពធនធានមនុស្ស ជាគណនេយ្យករ និងសវនករ និងលើក​កម្ពស់វិជ្ជាជីវៈគណនេយ្យ និងសវនកម្ម; ៤)- ជំរុញបន្ថែម និងទ្រទ្រង់និរន្តរភាពនៃទីផ្សារមូលធន ព្រមទាំងបង្ក​លក្ខណៈឱ្យសហគ្រាសធុនតូច និងមធ្យមមានលទ្ធភាពចូលរួមក្នុងទីផ្សារមូលធន; ៥)- ជួយទ្រទ្រង់នូវលទ្ធភាព​ក្នុង​ការទទួលបានឥណទាន និង ៦)-លើកកម្ពស់​ប្រសិទ្ធភាពនៃការប្រមូលពន្ធជូនរដ្ឋ ៧)- បង្កើតការងារជូនប្រជាពលរដ្ឋ, ៨)- ជាមូលដ្ឋានព័ត៌មានហិរញ្ញវត្ថុតែមួយគត់ក្នុងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដើម្បីប្រកាសពន្ធ។

       ឯកឧត្តមក៏បានសង្គត់ធ្ងន់ថា តាមស្មារតីនៃច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម សហគ្រាសនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញ មានកាតព្វកិច្ចជាសារវ័ន្តចំនួន៣៖

  • កាតព្វកិច្ចកាន់បញ្ជីគណនេយ្យ
  • កាតព្វកិច្ចរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដារជាធរមាន
  • កាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឲ្យរងសវនកម្មឯករាជ្យ។

នាក្នុងឱកាសនោះ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ បានធ្វើបទបង្ហាញអំពីបច្ចុប្បន្នភាពនៃច្បាប់សារពើពន្ធ ដែលក្នុងនោះបានសង្កត់ធ្ងន់លើ៖

  • ការកែសម្រួលមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស
  • គោលការណ៍ និងលក្ខខណ្ឌនៃការទទួលបានការលើកលែងពន្ធរំដោះលើប្រាក់ចំណេញ ១%
  • លក្ខខណ្ឌនៃកំណត់ការកាន់កាប់បញ្ជីគណនេយ្យបានត្រឹមត្រូវ ដើម្បីទទួលបានកម្រិតអនុលោមភាព នៃច្បាប់ស្តីពីសារពើពន្ធ
  • ទោសទណ្ឌនៃការមិនកាន់កាប់បញ្ជីគណនេយ្យត្រឹមត្រូវ និងបទល្មើសសារពើពន្ធ
  • គោលនយោបាយលើកទឹកចិត្តសារពើពន្ធក្នុងវិស័យអទិភាពទាំង៦ របស់រាជរដ្ឋាភិបាល

ចុងឱកាសបិទសិក្ខាសាលា ឯកឧត្តម ហេង សុខណាង អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងទៅកាន់អង្គសិក្ខាសាលា សូមយកធាតុចូលថ្មីៗដែលទទួលបានពីវាគ្មិន ទៅប្រតិបត្តិឲ្យបានជៀសវាងនូវទោសទណ្ឌដែលអាចមានជាយថាហេតុ ពីការមិនប្រតិបត្តិតាម ពិសេស កាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងកាតព្វកិច្ចសារពើពន្ធ។