សិក្ខាសាលាផ្សព្វផ្សាយ “ស្តីពីការដាក់ឱ្យប្រើប្រាស់ស្តង់ដាគណនេយ្យសាធារណៈកម្ពុជា មូលដ្ឋានសាច់ប្រាក់”

កាលបរិច្ឆេទ៖ 3-09-2019 03:38 AM

នាព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគណនេយ្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ “ស្តីពីការដាក់ឱ្យប្រើប្រាស់ស្តង់ដាគណនេយ្យសាធារណៈកម្ពុជា មូលដ្ឋានសាច់ប្រាក់” ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សិក្ខាសាលានេះ មានការចូលរួមពី ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍ ដែលមានចំនួនសរុបចំនួន ៤៥២ រូប។ សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយជូនដល់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា អំពីខ្លឹមសារប្រកាស និងខ្លឹមសារគន្លឹះៗនៃស្តង់ដាគណនេយ្យសាធារណៈកម្ពុជា មូលដ្ឋានសាច់ប្រាក់ ដើម្បីទុកជាមូលដ្ឋានសម្រាប់ការអនុវត្ត។ ស្តង់ដាគណនេយ្យសាធារណៈកម្ពុជា មូលដ្ឋានសាច់ប្រាក់មានសារៈសំខាន់ក្នុងការ៖១)-បង្កើនតម្លាភាព និងសុក្រឹតភាពនៃឯកសារគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុរបស់ស្ថាប័ន២)បង្កើនជំនឿទុកចិត្តរបស់របស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតតាមរយៈតំណាងរាស្រ្ត លើរបាយការណ៍ហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ដៃគូអភិវឌ្ឍន៍នានា៣)-ជំរុញគណនេយ្យភាពនិង អភិបាលកិច្ចល្អនៃអង្គភាព៤)-ពង្រឹង និងពង្រីក សមត្ថភាពធនធានមនុស្ស ជាគណនេយ្យករ និងលើកកម្ពស់វិជ្ជាជីវៈគណនេយ្យ និងសវនកម្មក្នុងវិស័យសាធារណៈ។ 
ជាកិច្ចបើកសិក្ខាសាលាផ្សព្វផ្សាយ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ ក៏បានគូសបញ្ជាក់ថាការដាក់ឱ្យអនុវត្តស្តង់ដាគណនេយ្យសាធារណៈកម្ពុជា មូលដ្ឋានសាច់ប្រាក់ គឺជាផ្នែកមួយនៅក្នុងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហើយក៏ជាជំហានដំបូងនៅលើកំណាត់ផ្លូវដ៏វែងក្នុងកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ដែលទាមទារឱ្យមានការចូលរួម ការគាំទ្រ ការសហការយ៉ាងស្អិតរមួត និងការអនុវត្តប្រកបដោយ ឆន្ទៈមោះមុតពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យទទួលបានលទ្ធផលល្អប្រសើរតាមការរំពឹងទុក។