សិក្ខាសាលាស្តីពី “របាយការណ៍ស្តីពីការគោរពតាមស្តង់ដា និងក្រមច្បាប់នានា”

កាលបរិច្ឆេទ៖ 19-11-2019 06:45 AM

សិក្ខាសាលាស្តីពី  “របាយការណ៍ស្តីពីការគោរពតាមស្តង់ដា និងក្រមច្បាប់នានា” ដែលសហការ​រៀ​បចំ​ដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ​គណនេយ្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនិងធនាគារពិភពលោក នៅថ្ងៃអង្គារ ៨រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិការ ឆ្នាំ២០១៩ ក្នុងគោលបំណងផ្សព្វផ្សាយអំពី​វឌ្ឍនភាព​នៃ​វិស័យគណនេយ្យនិងសវនកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខ័ណ្ឌនៃរបាយការណ៍​ស្តីពីការគោរពតាមស្តង់ដា និងក្រមច្បាប់នានា។ ដូចឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា បានជ្រាបស្រាប់ហើយថា បច្ចុប្បន្ននេះវិស័យ​គណនេយ្យនិងសវនកម្ម ត្រូវបានគេទទួលស្គាល់ទាំងក្នុងក្របខ័ណ្ឌជាតិនិងទាំងក្នុងក្របខ័ណ្ឌអន្តរជាតិថា បាន​ដើរ​តួនាទីយ៉ាងសំខាន់​នៅក្នុងសេដ្ឋកិច្ចនិងអន្តរជាតិ ហើយសម្រាប់កម្ពុជា វាក៏ជារបៀបវារៈ អាទិភាព​នៅក្នុង​កម្មវិធីកំណែទម្រង់សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈ ការធានាបាននូវ​គណនេយ្យភាព, តម្លាភាព និង​អភិបាលកិច្ចល្អ។ ដូចនេះហើយរាជរដ្ឋាភិបាលបានប្តេជ្ញាកសាង​នូវហេដ្ឋា​រចនាសម្ព័ន្ធហិរញ្ញវត្ថុ ផ្តើមចេញពីការ​កសាង​មូលដ្ឋានគ្រឹះសម្រាប់ការចុះបញ្ជិកាគណនេយ្យ, ការរៀបចំ​របាយការណ៍ហិរញ្ញវត្ថុ និងការដាក់​របាយការណ៍​ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ។នៅក្នុងខែ ឧសភា ឆ្នាំ២០០៧ ធនាគារពិភពលោកបានបោះផ្សាយឯកសារមួយឈ្មោះថា “របាយការណ៍ស្តីពីការ​គោរព​តាមស្តង់ដានិងក្រមច្បាប់នានា” ដែលហៅកាត់ជាភាសាអង់គ្លេសថា ROSC ដោយផ្តោតសំខាន់លើ​វិស័យគណនេយ្យ និងសវនកម្ម។

នៅក្នុងរបាយការណ៍នេះ បានវាយតម្លៃអំពីចំណុចខ្លាំងនិងចំណុចខ្សោយ​នានានៃបរិស្ថានគណនេយ្យនិងសវនកម្មនៅកម្ពុជា ដោយឆ្លុះបញ្ចាំងនូវគុណភាពនៃរបាយការណ៍ហិរញ្ញវត្ថុ​សាជីវកម្ម និងពាក់ព័ន្ធដល់ការត្រួតពិនិត្យឡើងវិញ តាមការតម្រូវរបស់ច្បាប់ ដោយផ្អែកលើមូលដ្ឋាននៃ​ច្បាប់ស្តីពីគណនេយ្យសហគ្រាស សវនកម្មគណនេយ្យសហគ្រាស និងវិជ្ជាជីវៈគណនេយ្យ ដែលបាននិរាករណ៍​រួចទៅហើយ។ ជារួម នៅក្នុងរបាយការណ៍នេះ បានសង្កត់ធ្ងន់ជាពិសេសទៅលើការខ្វះចន្លោះ​នានានៃ​ការគ្រប់គ្រង​វិស័យគណនេយ្យនិងសវនកម្ម ទាំងផ្នែកនីតិកម្មនិងទាំងវិជ្ជាជីវៈ ហើយក៏បានផ្តល់នូវអនុសាសន៍មួយចំនួន​សម្រាប់​ស្ថាប័នពាក់ព័ន្ធ ធ្វើជាមូលដ្ឋានក្នុងការរៀបចំខ្លួនដើម្បីបំពេញបង្រ្គប់នូវការខ្វះចន្លោះទាំងនោះនិងជា​មូលដ្ឋាន​ក្នុងការដាក់ចេញនូវផែនការយុទ្ធសាស្រ្តមួយដើម្បីធ្វើឲ្យប្រសើរឡើងនូវវិស័យគណនេយ្យនិង​សវនកម្ម​នៅកម្ពុជា។ ទន្ទឹមនឹងនេះ ដោយទទួលបាននូវអនុសាសន៍ដឹកនាំរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដោយផ្អែកលើរបាយការណ៍ខាងលើនេះ ក្រុមប្រឹក្សា​ជាតិគណនេយ្យ ក្នុងនាមជានិយ័តករ  បានរៀបចំនូវផែនការយុទ្ធសាស្រ្តរបស់ខ្លួនដោយដាក់បញ្ចូលនៅក្នុង​ឯកសារ​គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានឈ្មោះថា “យុទ្ធសាស្រ្តអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ឆ្នាំ ២០១១-២០២០” ដែលត្រូវបានដាក់ឲ្យអនុវត្តកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១១ កន្លងទៅរហូតមកដល់ពេលនេះ សមិទ្ធផលជាច្រើនត្រូវបានលេចជារូបរាងឡើង ទាំងក្របខ័ណ្ឌបទប្បញ្ញត្តិ និងទាំង​ក្របខ័ណ្ឌស្ថាប័ន។ ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម ត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១០១៦/០០៦ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ហើយស្ថាប័នពីរត្រូវបានបង្កើតឡើងគឺ ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ ដែលចាត់ទុកជាស្ថាប័ននិយ័តករគណនេយ្យ និង ស្ថាប័នវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម ដែលចាត់ទុកជាស្ថាប័នវិជ្ជាជីវៈគណនេយ្យ។ ចំណុចជាខ្លឹមសារសារវន្តនៃច្បាប់នេះបាន ១).ពង្រឹងសិទ្ធិ​អំណាច មុខងារ ភារកិច្ច និងការទទួលខុសត្រូវរបស់ស្ថាប័ននិយ័តករនិងស្ថាប័នវិជ្ជាជីវៈ, ២).បង្កើតនូវ​កាតព្ចកិច្ច​ចម្បងនានាសម្រាប់សហគ្រានិងអង្គភាពមិនស្វែងប្រាក់ចំណេញ ដែលមានជាអាទិ៍ កាតពក្វកិច្ច​គណនេយ្យ កាតព្វកិច្ចរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងកាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឲ្យរងសវនកម្ម និងការបង្កើតនូវយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើអនុលោមភាពទៅនឹងច្បាប់និងស្តង់ដា ទាំងក្នុងក្របខ័ណ្ឌគណនេយ្យនិងសវនកម្ម។